និមិត្តរូបនៃសត្វនាគទាំងនោះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ។
ម្យ៉ាងវិញទៀត គប្បីជម្រាបផងដែរថា នាគគ្រប់ប្រភេទទាំងនោះ ដែលជាសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិ ត្រូវបាននាំចូលពីឥណ្ឌា ចូលក្នុងប្រទេសខ្មែរបុរាណ ដែលចិនហៅថា ហ្វូ-ណន (នគរភ្នំ) តាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
ក- នាគបែបព្រាហ្មណ៍និយម
១- នាគអនន្ត
ជានិមិត្តរូបនៃទឹក ។ខ្មែរច្រើនតែតំណាងនាគអនន្ត ក្បាលប្រាំ ក្នុងទេវកថាវិទ្យាឥណ្ឌូ-ខ្មែរ ទាក់ទិនទៅនឹងការបង្កើតលោក។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នាគអនន្ត គឺជាគ្រែផ្ទុំរបស់ព្រះវិស្ណុ ឬនារាយណ៍ នៅលើមហាសមុទ្រនៃបុព្វកាល។

ការលំអមាត់ស្រះ (ស្រង់) ក្នុងទេវស្ថាន ក៏ស្ថិតក្នុងបរិបទមនោគមវិទ្យានេះដែរ ព្រោះថា សត្វនាគនេះតំណាងភាពត្រជាក់ត្រជុំ មានតួនាទីការពារទេវល័យ។ យើងមានព័ត៌មានជាប្រយោលស្តីពី វត្តមានរបស់នាគអនន្តនេះក្នុងសម័យនគរភ្នំ តាមរយៈសិលាចារឹកបុរេអង្គរទាក់ទិនទៅនឹងការបង្កើតលោក ដោយព្រះនារាយ៍ ឬវត្ថុដ៏មានមហិទ្ធិឫទ្ធិ។
២- នាគកល្យៈ
មានក្បាល ៧ ។នាគកល្យៈ ត្រូវបានបរិយាយក្នុងគម្ពីរមហាភារតៈ ក្នុងឋានៈជានាគតំណាងសភាវអាក្រក់។ នាគកល្យៈ មានបង្ហាញនៅក្បាច់ផ្តែរនៅប្រាសាទបន្ទាយស្រី នៅឆ្នាំ ៩៦៧ នៃគ.ស ហើយបន្ទាប់មកកាន់តែញឹកញាប់ក្នុងរចនាប័ថ្មបាពួននាស.វទី ១១ នៃគ.ស។

សូមរំលឹកថា នាគកល្យៈ ត្រូវបានព្រះគ្រិស្ណបង្ក្រាប ហើយហែកក្បាលរបស់វាដាច់ជាពីរកំណាត់ ក្នុងពេលដែលវាប៉ុនប៉ងបំផ្លាញជីវិតអ្នកស្រុក ដោយធ្វើឲ្យទឹកជោរជន់លិចលង់។
៣- នាគវសុគី ឬ សេសៈ
នាគនេះ មានក្បាលដល់ទៅ៩ ហើយវាគឺជានាគពិសិដ្ឋមួយ ដែលពពួកទេវតា និងអសុរកាយ ឬយក្ខយកខ្លួនវាធ្វើជាខ្សែពួរ ដើម្បីកូរសមុទ្រទឹកដោះ បើយោងតាមទេវកឋាវិទ្យានៃលទ្ធិព្រហ្មញ្ញសាសនា។
សូមរំលឹកថា ឈុតកូរសមុទ្រទឹកដោះនេះ មានសារសំខាន់ជាអនេក ដោយហេតុថា តាមរយៈការកូរសមុទ្រទឹកដោះនេះហើយ ដែលលោកយើងនេះត្រូវបានបង្កើតឡើង។

ទន្ទឹមនឹងនេះដែរ ពពួកទេវតាក៏បានទទួលនូវទឹកអម្រិត តាមរយៈការកូរសមុទ្រទឹកដោះនេះ ដើម្បីជីវិតអមតៈរបស់ខ្លួនផងដែរ។ ដូចនេះ នាគនេះ ត្រូវផ្សារភ្ជាប់ទៅនឹងទ្រឹស្តីបង្កើតលោក។

វត្តមានរបស់ពួកនាគវសុគី ឬសេសៈ ខាងលើនេះ ដែលបានចាក់ឫសកែវយ៉ាងជ្រៅក្នុងផ្នត់គំនិតខ្មែរ បានលេចធ្លោឡើងចាប់តាំងពីស.វទី១ នៃគ.ស ជាពិសេសចាប់តាំងពីស.វទី ៣-៤ នៃគ.ស ដូចចម្លាក់មានចារឈ្មោះសត្វនាគនេះ នៅម្តុំអូរកែវជាសក្ខីកម្មស្រាប់។
ខ- នាគបែបពុទ្ធនិយម
៤- នាគមុជ្ជលិន
រីឯនាគមុជ្ជលិនក្បាល ៣ ឬ ៧ វិញ ដែលពាក់ព័ន្ធទៅនឹងព្រះជីវប្រវត្តិរបស់ព្រះពុទ្ធអង្គនោះ ចម្លាក់នៃសត្វទីឃជាតិអាសិរពិសខាងលើនេះ ត្រូវបានជួបប្រទះនៅក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រអង្គរបុរី និងអ៊ូរថង។

តាមព្រះជីវប្រវត្តិរបស់ព្រះពុទ្ធអង្គ យើងដឹងថា នាគមុជ្ជលិនខាងលើនេះ បានជួយសង្គ្រោះទ្រង់ឲ្យផុតពីសេចក្តីស្លាប់ បណ្តាលពីទឹកជំនន់ ដែលបង្ករឡើងដោយមារសត្រូវ ក្នុងខណៈដែលព្រះសម្មាសម្ពុទ្ធហៀបនឹងឈានទៅរកការត្រាស់ដឹង៕
ប្រភព http://www.cen.com.kh/culture/
No comments:
Post a Comment