ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុមប្រាសាទរបងរមាស ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍ មានប្រាសាទឥដ្ឋចំនួន១៤ ដែលត្រូវបានសាងសង់ឡើងពីសតវត្សទី៦ ដល់សតវត្សទី១១ នៃគ.ស ។
កន្លងមក ការចុះលេខជំរឿនសម្គាល់ Ka ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនមែនជារឿងចៃដន្យទេ ក៏ប៉ុន្តែ គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសនូវរាល់ភាពច្របូកច្របល់ធ្លាប់មាន តាំងពីសម័យអាណានិគមបារាំង ក្នុងខណៈដែលក្រុមប្រាសាទទាំងនោះ កំពុងបិទបាំងជុំជិតដោយព្រៃនៅឡើយ ។
ដោយឡែកប្រាសាទ K10នៃក្រុមប្រាសាទស្រីគ្រប់លក្ខណ៍ គឺជាទេវាល័យសាងសង់ឡើងសម្រាប់ប្រារព្ធពិធីបូជាព្រះវិស្ណុ ក្រោមឈ្មោះថា កបិលវាសុទេវ ។ ការសាងសង់ប្រាសាទ K10 ដែលជាប្រាសាទធំ ហើយសំខាន់ជាងគេ បើយោងលើសិលាចារឹកចារលើមេទ្វារខាងជើង( K 151)បានឲ្យដឹងថា ប្រាសាទត្រូវបានធ្វើឡើងនៅឆ្នាំ៥៩៨ នៃគ.ស ។ តាមរយៈសិលាចារឹកជាភាសាសំស្ក្រឹតខាងលើនេះ យើងអាចអះអាងថា ប្រាសាទទាំងពីរក្រុមនៅជិតទីក្រុងឥសានបុរៈ ត្រូវបានស្ថាបនាឡើងតាំងពីចុងសតវត្សទី៦ម្ល៉េះ ។ ព្រោះកាលបរិច្ឆេទចារលើថ្មនេះ ជាភស្តុតាងបញ្ជាក់អំពីបុរាណភាពរបស់ទីតាំងនេះ ។
ខ្លឹមសារចារឹកខាងលើនេះ ក៏ឲ្យដឹងទៀតថា រូបសំណាកតំណាងព្រះវិស្ណុ និងទីក្រុងចំនួន២ក្បែរបូជនីយដ្ឋាននេះ ត្រូវបានស្ថាបនាឡើងដោយមនុស្សម្នាក់ឈ្មោះ នរសិង្ហគុម្ព នៃទីក្រុងឥន្ទ្របុរៈ ។
ឈ្មោះនរសិង្ហគុម្តៈ ធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលមានស្វាមីភក្តិចំពោះព្រះមហាក្សត្របីអង្គ ដែលបានសោយរាជ្យសម្បត្តិជាបន្តបន្ទាប់ គឺព្រះបាទភវវរ្ម័នទី១ ព្រះបាទមហន្ទ្រវរ័ន្ម និងព្រះបាទឥសានវរ្ម័នទី១ ។
ខ្លឹមសារនៃសិលាចារឹកខាងលើនេះ បានរួមចំណែកធ្វើឲ្យយើងអាចសន្និដ្ឋានបានថាព្រឹត្តការណ៍ទាំង ប៉ុន្មានខាងលើនេះត្រូវបានអនុវត្តន៍ឡើង មុនរជ្ជកាលព្រះបាទស្រីឥសានវរ័ន្មទី១ (៦១៥-៦៣៧គ.ស) ដែលជាព្រះរាជបុត្ររបស់ព្រះបាទចិត្រសេនស្រីមហេន្ទ្រវរ័ន្ម ។
ទាក់ទងទៅនឹងស្តេចអង្គនេះ លោកអាដេម៉ារ ឡឺក្លែរ បានឲ្យដឹងថា ពាក្យស្រីឥសានវរ្ម័នមានន័យថា ព្រះរាជាការពារទិសឥសាន ។ ស្តេចអង្គនេះបានប្រកាសថា ទ្រង់ជា ’ដៃគូរបស់ចក្រ គឺព្រះឥន្ទ្រ និងជាដៃគូរបស់ព្រះហរិ (វិស្ណុ) អំពីកិត្តិគុណ ជាព្រះអធិរាជលើស្តេចទាំង៣ និងជាម្ចាស់នៃរាជធានីបុរេអង្គរទាំង៣ គឺចក្រានកបុរៈ, អមោឃរបុរៈ និងភិមបុរៈ (ភិមាយបុរៈ) ដែលទ្រង់វាយដណ្តើមយកបាន ប៉ុន្តែទុកឲ្យស្តេចរាជានីមួយៗ នៅគ្រប់គ្រងជាចំណុះព្រះអង្គ ។ ព្រះរាជាអង្គនេះទ្រង់ជាស្តេចចក្រពត្តិ ដូចជាព្រះរាជាមុនៗដែរ ។ ទ្រង់បានពង្រីកព្រះរាជាណាចក្ររបស់ព្រះអង្គពាសពេញទាំងទឹកដីហ្វូ- ណន ។ ដូចពោលខាងលើ ព្រះអង្គមានរាជធានីដែលមានឈ្មោះតាមព្រះអង្គ គឺឥសានបុរៈ មានន័យថា “រាជធានីរបស់ឥសាន” ។
ការផ្តាមសិលាចារឹក នៃប្រាសាទស្រីគ្រប់ល័ក្ខណ K 10 និង
សំណៅនៃសិលាចារឹកនេះ K 151 / Ka 612 (ម.ត
១៩៩៦)
យ៉ាងណាមិញ តាមលទ្ធផលនៃការវិភាគទៅលើខ្លឹមសារនៃសិលាចារឹក នៃប្រាសាទជ្រៃ( K 149 )យើងបានរកឃើញថា ការផ្លាស់ប្តូររាជរដ្ឋាភិបាលពីការគ្រប់គ្រងប្រទេសដោយនគរភ្នំទៅជា ការគ្រប់គ្រងដោយចេនឡាវិញ ត្រូវបានធ្វើឡើងដោយពុំមានបញ្ហាធំដុំអ្វីណាមួយបានកើតឡើងឡើយ ។
សូមរំលឹកឡើងវិញថា វត្តមានរបស់ព្រះមហាក្សត្រខ្មែរ ទាំង៣ អង្គនាសម័យបុរេអង្គរខាងលើនេះ គឺព្រះបាទមហេន្ទ្រវរ្ម័ន ភវវរ្ម័ន និង ឥសានវរ្ម័នទី ១ ក៏ត្រូវបានចារឡើងជាភាសាខ្មែរនៅមេទ្វារនៃប្រាសាទជ្រៃ ឬប្រាសាទ N.18 ផងដែរ ។ បើយើងពិនិត្យ និងវិភាគខ្លឹមសារនៃសិលាចារឹកនេះ យើងក៏អាចនិយាយបានដែរថា ការផ្លាស់ប្តូរអំណាចមូលដ្ឋាន ពីរាជរដ្ឋាភិបាលគ្រប់គ្រងនគរភ្នំ ទៅជាអាណាចក្រចេនឡា រាជ្យរបស់ព្រះបាទឥសានវរ្ម័នទី១ មិនមានលក្ខណៈវឹកវរដូចការប៉ាន់ស្មានដែលគេធ្លាប់មានពីមុននោះទេ ។ ដោយហេតុថា សិលាចារឹករបស់យើងផ្តើមឡើងដោយការធ្វើគារវកិច្ចថ្វាយដល់ ព្រះមហាក្សត្រ ដែលស្ថិតក្នុងសម័យអន្តរកាល រវាងនគរភ្នំ និង ចេនឡា ។
បើនិយាយម្យ៉ាងទៀត ប្រការនេះបង្ហាញឲ្យឃើញថា ការពង្រីកអំណាច ឥទ្ធិពលរបស់ចេនឡាទៅលើមួយភាគធំនៃនគរភ្នំ ដែលត្រូវបានធ្វើឡើងដោយសន្សឹមៗ ក្រោយពីបានទទួលជ័យជំនះលើនគរភ្នំនោះ ត្រូវធ្វើឡើងគ្មានការបង្ហូរឈាម ឬលក្ខណៈឃោឃៅ ស៊ីសាច់ហុតឈាមដូចជាសង្គ្រាមរវាងខ្មែរ និងសៀមនៅចុងសតវត្សទី១៣ឡើយ ។ ផ្អែកលើប្រភពសិលាចារឹកគេអាចនិយាយបានថា សង្គ្រាមរវាងចេនឡា និងនគរភ្នំ គឺជាសង្គ្រាមបងប្អូន ធ្វើឡើងដើម្បីអំណាច ឬរាជបល្ល័ង្កតែប៉ុណ្ណោះ ។
ខាងលើនេះគឺជាស្ថានភាពនយោបាយនាសម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា បញ្ជាក់ដោយសិលាចារឹក K.151 ប្រាសាទស្រីគ្រប់លក្ខណ៍ និងសិលាចារឹក K.149 នៃប្រាសាទជ្រៃ នៃក្រុមប្រាសាទសម្បូរព្រៃគុកផ្នែកខាងជើង ។ ដូច្នេះហើយយើងត្រូវតែកែតម្រូវនូវទស្សនៈដែលធ្លាប់មានពីមុន ។ ជ័យជំនះរបស់ព្រះបាទភវវរ្ម័នទី ១ និង មហេន្ទ្រវរ្ម័ន លើអាណាខេត្តនានា នៅតំបន់ខ្ពង់រាបទាំងឡាយ មិនមែនជាការឈ្លានពាន ដូចលោក ក្លូត ហ្សាក់ បានគិតនោះទេ ក៏ប៉ុន្តែគឺជាចម្បាំងបង្រួបបង្រួមជាតិតែប៉ុណ្ណោះ ។
យ៉ាងណាមិញ ខ្លឹមសារនៃសិលាចារឹកអង្គជំនិត ក៏បានរៀបរាប់អំពីវត្តមានរបស់ព្រះមហាក្សត្រខ្មែរដល់ទៅ៥ព្រះអង្គនាសម័យនគរភ្នំ និងចេនឡា រួមមាន ព្រះបាទរុទ្រវរ្ម័ន, ព្រះបាទភវរ្ម័នទី១, ព្រះបាទមហេន្ទ្រវរ្ម័ន, ព្រះបាទជ័យវរ្ម័នទី ១ និង ព្រះបាទឥសានវរ្ម័ន ។ នេះសបញ្ជាក់ឲ្យឃើញថា ការផ្លាស់ប្តូរអំណាចកណ្តាលពីនគរភ្នំ ទៅចេនឡា ត្រូវបានធ្វើឡើងនៅលើទឹកដីតែមួយ ដោយគ្មានការច្បាំងបង្ហូរឈាមដ៏ឃោរឃៅទេ។
ដូច្នេះ ពាក្យថា raid ឬ expedition military ឬក៏ incursion ដែលគេបានប្រើនោះ មិនសមស្របទៅនឹងបរិបទនយោបាយរបស់ខ្មែរនោះទេ ៕
ប្រភព http://www.cen.com.kh
No comments:
Post a Comment