រណ្ដៅ កំណាយដែលអង្គការមូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា (ADF) បានជីកដើម្បីស្រាវជ្រាវ នៅជិតភូមិអន្លង់ធំ លើខ្នងភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៣។ RFA/Hang Savyouth
មន្ត្រីអាជ្ញាធរអប្សរាទទួល
បន្ទុកការពារប្រាសាទបូរាណ
និងក្រុមអ្នកធ្វើកំណាយបូរាណវិទ្យាបានអះអាងស្របគ្នាថា
គេទើបតែរកឃើញទីតាំងអតីតព្រះបរមរាជវាំងសម័យបូរាណនៃរាជធានី
មហិន្ទ្របព៌ត ដែលមានអាយុកាលជាង ១២០០ឆ្នាំហើយ។
ទីតាំងអតីតរាជវាំងបូរាណនោះ នៅកប់ក្រោមដី
ដោយមានព្រៃក្រាស់ដុះគ្របនៅលើខ្នងភ្នំគូលែន។
អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ប៊ុន
ណារិទ្ធិ។ លោកបានមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ថា
កាលពី ៤-៥ខែមុន ក្រុមអ្នកបូរាណវិទ្យាមកពីស្ថាប័នប្រមាណ ៧-៨
ដែលធ្លាប់ស្រាវជ្រាវនៅតំបន់អង្គរ
បានសហការគ្នាចូលវិភាគទានជាមួយអាជ្ញាធរអប្សរា
ហើយបានជួលក្រុមហ៊ុនបរទេសមួយដែលមានជំនាញខាងថតពីលើអាកាស
ឱ្យធ្វើការថតយកទិន្នន័យនៅក្រោមដីទៅលើតំបន់ប្រាសាទបូរាណចំនួន
៣កន្លែង គឺនៅតំបន់អង្គរមួយកន្លែង នៅប្រាសាទកោះកែ មួយកន្លែង
និងនៅលើខ្នងភ្នំគូលែន មួយកន្លែង។ ការថតនោះ
គឺនៅតំបន់ខ្នងភ្នំគូលែន បានរកឃើញទីតាំងមួយកន្លែង
ដែលគេសង្ស័យថា ជាអតីតព្រះបរមរាជវាំងនៃរាជធានីមហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេបញ្ជូន
ទិន្នន័យហ្នឹងមកខាងអាជ្ញាធរ អប្សរាហើយ
ដូច្នេះវាត្រូវការបកស្រាយតទៅទៀត។ ទិន្នន័យហ្នឹង
គេថតរូបពីលើអាកាសមក។ អាហ្នឹងការយល់ឃើញរបស់គេថា ច្បាស់ហើយ
ប៉ុន្តែយើងត្រូវការតាមដានតទៅទៀតពីអ្វីៗ
ការបកស្រាយវាមិនមែនយើងទាន់ជឿថា ១០០% ទេ»។
មន្ត្រីអាជ្ញាធរអប្សរាបានឱ្យដឹងថា
បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតក្រុមការងារមួយដើម្បីទៅ
ធ្វើការនៅទីនោះ ដើម្បីការពារព្រៃឈើ
និងប្រាសាទបូរាណមួយចំនួនដែលគេរុករកឃើញជាបន្តបន្ទាប់។
អ្នកស្រាវជ្រាវបូរាណវិទ្យាមួយក្រុម
របស់អង្គការឈ្មោះ មូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា
ហៅកាត់ជាភាសាអង់គ្លេសថា អេឌីអេហ្វ (ADF) បានឱ្យដឹងថា
គេមានអំណះអំណាងមួយចំនួន ដើម្បីបញ្ជាក់ថា
ទីតាំងក្រោមដីដែលគេបានរកឃើញនោះ
ពិតជាអតីតព្រះបរមរាជវាំងនៃសម័យបុព្វកាល។
អ្នកគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍បូរាណ
វិទ្យា លោក សឿ ពេជ្រ បានមានប្រសាសន៍ថា
អង្គការរបស់លោកតែងធ្វើកំណាយជាច្រើនកន្លែងនៅលើខ្នងភ្នំគូលែន
នោះ ចាប់តាំងពីអំឡុងឆ្នាំ២០០៨ មក ហើយកាលពីឆ្នាំ២០១០
គឺក្រុមរបស់លោកបានចូលទៅដល់កន្លែងទីតាំងអតីតព្រះបរមរាជវាំងនោះ
ក៏មានការសង្ស័យ
ក៏ប៉ុន្តែទោះយ៉ាងណាក្រុមរបស់លោកពុំមានអំណះអំណាងគ្រប់គ្រាន់
ដើម្បីបញ្ជាក់ថា ទីនោះពិតជាអតីតព្រះបរមរាជវាំងទេ។
ទើបតែកាលពីអំឡុងខែមេសា ឆ្នាំ២០១២
គឺក្រុមរបស់លោកបានយកម៉ាស៊ីនថត សេស ទៅថតទិន្នន័យក្រោមដី
ហើយអាចបញ្ជាក់ថា ទីនោះគឺពិតជាអតីតរាជធានីមែន។
លោក សឿ ពេជ្រ៖ «យើងរកឃើញផ្លូវ
ហៃវេយ៍ (High Way) ២ ដែលខ្វែងគ្នា ហើយចំកណ្ដាលមុខរាជធានី ហើយមួយទៀត
អំណះអំណាងពីខាងបូរាណវិទូ រកឃើញកំណាយទាំងអស់
គឺជាវត្ថុប្រើប្រាស់នៅក្នុងព្រះបរមរាជវាំង។ យើងរកឃើញដែរ
កម្រាលប្រហែលជា ១ម៉ែត្រ កប់ទៅក្រោមដី គឺក្រាលដោយឥដ្ឋទាំងអស់។
ពួកខ្ញុំមានឯកសារ មានទាំងរូបថតពេលដែលយើងកំណាយហើយ»។
ទោះយ៉ាងណាក្រុមអ្នកស្រាវជ្រាវបាន
ឱ្យដឹងថា នៅទីតាំងអតីតព្រះបរមរាជវាំងបូរាណនោះ
បច្ចុប្បន្នគឺជាតំបន់ព្រៃក្រាស និងមានគ្រាប់មីនខ្លះៗផង។
អគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់
បានមានប្រសាសន៍ថា អតីតរាជធានីមហិន្ទ្របព៌ត
នៅលើខ្នងភ្នំគូលែននោះ បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ព្រះនាម
ជ័យវរ្ម័នទី២ នៅក្នុងអំឡុងឆ្នាំ៨០២ នៃគ្រិស្តសករាជ៕ ប្រភពព័ត៌មាន ៖
RFA
ប្រភព http://www.ksn-news.com/
No comments:
Post a Comment