សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Sunday, June 23, 2013

ប្រាសាទ​អាណារ​នៅ​សុ​រិ​ន្ទ្រ​

ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​មួយ ភ្ជាប់​ខេត្ត​សុ​រិ​ន្ទ្រ និង ខេត្ត​ស៊ីសាកេត, ប្រទេសថៃ, ប្រាសាទ​អាណារ គឺជា​ប្រាសាទ​ឥដ្ឋ​មួយ ស្ថិតក្នុង​រចនាបថ​បាពួន ដែល​សាងសង់ឡើង​នៅលើ​ខឿន​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ភាព​ទ្រុឌទ្រោម​គួបផ្សំ​នឹង​កង្វះការថែរក្សាធ្វើ​ឲ្យ​យើង​សង្វេគ​ចិត្តជា​ ខ្លាំង នៅពេល​មកកាន់​ទេវស្ថាន​សម័យអង្គរមួយ​នេះ ។​

ប្រាសាទអាណា និងផ្តែរ ស.ត ទី ១១ (ថត ១៩៧៩)

    ​អ្នកស្រុក​ក្នុង​តំបន់ នាំគ្នា​ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​អាណារ តាំងពី​សម័យ​បុរាណកាលមក ។ ប្រាសាទ​នេះ ត្រូវបាន​ជនជាតិខ្មែរ ក្នុង​តំបន់​ចាត់ទុកជា​ទីតាំង​មួយ​ដ៏​ស័ក្តិសិទ្ធិ​ ។ យោងតាម​ថេរ​ដីកា​របស់លោក​ចៅអធិកា​រ​វត្ត​អាណារ ពី​ដើម​នៅត្រង់​ប្រាសាទ​នេះ ដែល​ស្ថិតនៅ​ក្បែរ​បឹង​មួយ​យ៉ាង​ធំ​នោះ គឺជា​កន្លែង​មួយ​ដ៏​សែន​ស័ក្តិសិទ្ធិ ។ បងប្អូន​ជនជាតិខ្មែរតែង​មក​បន់ស្រន់​សុំ​ទឹកភ្លៀង ដោយ​ពួកគេ ធ្វើ​ពិធី​បញ្ជាន់​អារក្ខ នៅលើ​ទួលប្រាសាទ​នេះ ។ ឥឡូវនេះ ប្រពៃណី​នេះ ត្រូវបាន​បោះបង់ចោល​ទៅហើយ ។ ព្រះអង្គ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លក្ខណៈ​ពិសិដ្ឋ នៃ​ប្រាង្គ​ប្រាសាទ​អាណារ​នេះ ក៏​បណ្តាលមកពី​វត្តមាន​របស់​ចម្លាក់ តំណាង​ឲ្យ​ព្រះ​បដិមា​បុរាណ​មួយអង្គ ដែលមាន​ដៃ​ច្រើន នៅក្នុង​តួ​ប៉ម​នៃ​ប្រាសាទ​នេះ តែ​ឥឡូវ​ត្រូវ​ពួកចោរ​អន្ធពាល លួច​ប្លន់​ទៅ​លក់ ឯ​ទីក្រុង​មឿង​កក់ (​បាងកក​) បាត់ទៅហើយ ។​
​    ​និយាយ​ជារួម​ទៅ បូជនីយដ្ឋាន​អាណារ ត្រូវបាន​គេបោះបង់​តាំងពី​យូរ​មកហើយ មាន​ភាពស្ងប់ស្ងាត់ លើកលែងតែ​ថ្ងៃ​មានបុណ្យ​ទាន ។ ម្យ៉ាងទៀត គ្មាន​បរទេស​ណា​មក​ទ​ស្សនា​ទេ ។​
​ ប្រាសាទ​វត្ត​អាណារ​មាន​តួ​ប៉ម​តែ​មួយ ដោយ​ជ្រុង​នីមួយៗ​ទំហំ​ប្រមាណ​ជា ៤ ម៉ែត្រ ។ ដូច​ប្រាសាទ​ដទៃៗ​ឯទៀត ក្នុង​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​ដែរ ប្រាសាទ​អាណារ​បាន​បន្សល់ទុក​នូវ​ផ្ទាំង​ក្បាច់​ផ្តែរ​មួយ ដាច់​ពីរ​កំណាត់ ។ សសរ​ពេជ្រ​ធ្វើ​អំពី​ថ្ម ត្រូវគេ​លួច​បាត់ទៅហើយ នៅសល់តែ​ផ្នែក​ខាងក្រោម​ស៊ុមទ្វារ ដែល​ស្ថិតក្នុង​ភាព​ផុយ រេចរឹល​គួរ​ឲ្យ​ខ្លោចផ្សា​ចិត្ត ។ កន្លងមក យើង​បាន​ចូល​នៅក្នុង​តួ​ប៉ម ពិនិត្យមើល តែ​ពុំ​បានឃើញ​មាន​ចម្លាក់​អ្វី​ទាំងអស់ ។ ផ្ទាំង​ផ្តែរ ដែល​បាក់បែក ដែល​ស្ថិតនៅ​មុខទ្វារ​ប្រាសាទ​នោះ លំអ​ដោយ​ក្បាច់ចម្លាក់​តំណាង​ឲ្យ​អាទិទេព​មួយអង្គ​ប្រថាប់​លើ​ក្បាល​រា​ហ៊ូ ដែល​ផ្នែក​ក្រោម​បាក់បែក​មួយ​ចំហៀង​ធំ ហើយ​កប់​ក្នុង​ដី ។​
​    ​អ្នកស្រុក​ជិត​ឆ្ងាយ រមែងតែ​បន់ស្រន់​ក្បែរ​ប្រាសាទ​នេះ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ជាពិសេស នៅ​ថ្ងៃ​ពេញ​បូ​រមី ទោះបីជា​ប្រាសាទ​ដ៏​ចាស់ជរា​នេះ ស្ថិតក្នុង​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង យ៉ាងណាក៏ដោយ ។ ទង្វើ​នេះ ជា​ប្រការ​មួយ​ជាក់ស្តែង​បង្ហាញ​ឲ្យ​ដឹងថា ក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ខ្មែរ ប្រាសាទ​នេះ នៅតែជាទីគោរពបូជា តាំងពីដើម​រៀងមក ទោះបីជា​ទីតាំង​នៃ​ប្រាសាទ​នេះ ត្រូវបាន​ប្រែក្លាយ​ទៅជា​ពុទ្ធ​មណ្ឌល​ក៏ដោយ ។ ប្រាសាទ​វត្ត​អាណារ​ជា​ប្រាសាទតូច មិនសូវមាន​ក្បាច់រចនា​ផ្ចិតផ្ចង់ទេ ព្រោះ​ស្ថិតនៅ​តំបន់​ចុងកាត់មាត់ញក ។ មួយវិញទៀត ការដែល​ប្រាសាទ​នេះ ត្រូវបាន​សាងសង់​នៅលើ​ខឿន​ថ្មបាយក្រៀម​មួយ ដែលមាន​រាង ៤ ជ្រុង​ទ្រវែង ស្ថិតនៅ​ទី​ខ្ពស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ប្រាសាទ​នេះ​ហាក់ដូចជា មាន​លក្ខណៈ​ខុសប្លែក​ពី​ប្រាសាទខ្មែរ​ដទៃៗ ក្នុង​តំបន់​វាលទំនាប ។ តែ​យ៉ាងណាក៏ដោយ ក៏​ប្រាសាទ​របស់​យើង​តំណាង​ឲ្យ​ភ្នំ​សុមេរុ​យ៉ាង​ប្រាកដ សាងសង់​តាម​លោកធាតុ​វិទ្យា​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈ​ព្រះអាទិទេព ដ៏​មាន​មហិទ្ធិឫទ្ធិ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ៕

ប្រភព http://www.cen.com.kh/culture

No comments:

Post a Comment